សកម្មភាពបណ្តុះបណ្តាលស្តីពីវិធានកសិកម្មគិតគូរអាហារូបត្ថម្ភ យេនឌ័រ និងអនាម័យ ក្នុងខេត្តកំពត និងខេត្តកែប

ចេញ​ផ្សាយ​ 14 Sep 2026
22
នាថ្ងៃទី ៣១ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ អនុសមាសភាគផ្នែកកសិឧស្សាហកម្ម នៃគម្រោង LASED III សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត និងខេត្តកែបដោយមានការចូលរួមពី មន្ទីរពាក់ព័ន្ធ និងអ្នកសម្របសម្រួលកសិកម្ម (ADF) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «វិធានកសិកម្មគិតគូរអាហារូបត្ថម្ភ យេនឌ័រ និងអនាម័យ» នៅសហគមន៍ងាយរងគ្រោះត្រពាំងរពៅ ខេត្តកំពត និងសហគមន៍ងាយរងគ្រោះអូរក្រសារ និងសហគមន៍កែប ខេត្តកែប។ វគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមសរុប ២៩៧នាក់ ក្នុងនោះស្ត្រី ១៩៨នាក់ ស្មើនឹង ៦៧%។
ការបណ្តុះបណ្តាលផ្តោតលើការផ្សារភ្ជាប់រវាង កសិកម្ម អាហារូបត្ថម្ភ សុខភាព យេនឌ័រ និងអនាម័យ ដើម្បីលើកកម្ពស់ចំណេះដឹង និងសមត្ថភាពរបស់សមាជិកសហគមន៍ក្នុងការអនុវត្តការរស់នៅប្រកបដោយសុខភាពល្អ និងផលិតកម្មកសិកម្មដែលគិតគូរពីអាហារូបត្ថម្ភ។ ផ្នែកទ្រឹស្តីបានបណ្តុះបណ្តាលអំពីការថែទាំស្ត្រីមានផ្ទៃពោះមុន និងក្រោយពេលសម្រាល ការការពារ និងលើកកម្ពស់សុខមាលភាពកុមារ ទំនាក់ទំនងរវាងយេនឌ័រ និងការប្រែប្រួលអាកាសធាតុ ព្រមទាំងការរស់នៅស្អាត ដោយផ្តោតលើការប្រើប្រាស់ទឹកស្អាត និងការអនុវត្តអនាម័យត្រឹមត្រូវ។
សម្រាប់ផ្នែកអនុវត្ត អ្នកចូលរួមបានចូលរួមអនុវត្តផ្ទាល់ក្នុងការកែច្នៃ បបរខាប់គ្រប់គ្រឿង និងការកែច្នៃភេសជ្ជៈដែលមានជីវជាតិ រួមមាន ទឹកសណ្តែកសៀង និងទឹកដោះគោចន្ទី។ សកម្មភាពអនុវត្តនេះមានគោលបំណងបង្ហាញពីវិធីប្រើប្រាស់ និងកែច្នៃវត្ថុធាតុដើមដែលមានក្នុងមូលដ្ឋាន ឱ្យទៅជាអាហារ និងផលិតផលមានគុណភាព និងសម្បូរទៅដោយសារធាតុចិញ្ចឹម សម្រាប់ប្រើប្រាស់ក្នុងគ្រួសារ និងអាចបង្កើតជាឱកាសសម្រាប់បង្កើនប្រាក់ចំណូលផងដែរ។
ជាលទ្ធផលរំពឹងទុក វគ្គបណ្តុះបណ្តាលនេះនឹងជួយលើកកម្ពស់ចំណេះដឹង និងការយល់ដឹងរបស់សមាជិកសហគមន៍អំពីសារៈសំខាន់នៃអាហារូបត្ថម្ភ ការថែទាំស្ត្រីមានផ្ទៃពោះមុន និងក្រោយពេលសម្រាល ការលើកកម្ពស់សុខមាលភាពកុមារ សមភាពយេនឌ័រក្នុងជីវភាពប្រចាំថ្ងៃ និងការងារកសិកម្ម ព្រមទាំងការប្រើប្រាស់ទឹកស្អាត និងការអនុវត្តអនាម័យ។ ជាមួយគ្នានេះ សកម្មភាពនឹងរួមចំណែកដល់ការកែលម្អប្រព័ន្ធស្បៀងអាហារនៅមូលដ្ឋាន តាមរយៈការលើកកម្ពស់ការផលិត ការកែច្នៃ និងការប្រើប្រាស់ផលិតផលកសិកម្មដែលមានសារធាតុចិញ្ចឹមខ្ពស់ សុវត្ថិភាព និងសមស្របសម្រាប់សុខភាពគ្រួសារ។