គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣(LASED III) គឺជាគម្រោងរបស់រាជរដ្ឋាភិបាលដែលបន្តគាំទ្រសម្បទានដីសង្គមកិច្ចបន្ទាប់ពីគម្រោង (LASED) ដំណាក់កាលទី១ និងទី២ នៅថ្នាក់ឃុំ ជូនគ្រួសារក្រីក្រដែលគ្មានដីសម្រាប់សង់ទីលំនៅ និងបង្កបង្កើនផល ព្រមទាំងជួយគាំទ្រផងដែរដល់សហគមន៍ជនជាតិដើមភាគតិច។
គម្រោងនេះអនុវត្តដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ស្ថាប័នដឹកនាំការអនុវត្ត) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(ស្ថាប័នអនុវត្ត)ក្រោមថវិកាហិរញ្ញប្បទាន ឥណទានធនាគារពិភពលោករយៈពេល៦ឆ្នាំ(២០២០-២០២៦)និងថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជាដែលមានថវិកាសរុប ចំនួន១០៧លានដុល្លារអាមេរិក។
គោលបំណង
គឺដើម្បីផ្តល់នូវការទទួលបានសុវត្ថិភាពនៃការកាន់កាប់ដី សេវាកសិកម្ម និងសង្គម និងហេដ្ឋារចនាសម្ព័នដែលត្រូវបានជ្រើសរើស សម្រាប់កសិករ និងសហគមន៍ដែលស្ថិតនៅក្នុងទីតាំងគម្រោង។
គម្រោងនេះមាន ៥សមាសភាគ៖
១. ការជ្រើសរើស និងអភិវឌ្ឍផែនការសម្រាប់ការងារសម្បទានដីសង្គមកិច្ច និងការចុះបញ្ជីពីសហគមន៍ជនជាតិដើមភាគតិច
២. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសហគមន៍
៣. ការអភិវឌ្ឍវិស័យកសិកម្ម និងកម្រិតជីវភាពរស់នៅ
៤. ការគ្រប់គ្រង សម្របសម្រួល និងការត្រួតពិនិត្យ និងវាយតម្លៃគម្រោង
៥. ការឆ្លើយតបក្នុងគ្រាអាសន្ន
តើផ្នែកកសិកម្មគាំទ្រអ្វីខ្លះ?
ក្នុងការអនុវត្តគម្រោង LASED III ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទទួលខុសត្រូវយ៉ាងសំខាន់ទៅលើសមាសភាគទី៣ គឺការអភិវឌ្ឍវិស័យកសិកម្ម និងកម្រិតជីវភាពរស់នៅរបស់ប្រជាជនដែលស្ថិតនៅក្នុងទីតាំងដែល
គម្រោងបានជ្រើសរើស។ នៅក្នុងផ្នែកនេះគម្រោងនឹងធ្វើការគាំទ្រដល់អ្នកទទួលផលលើ៖
១. បច្ចេកទេសក្នុងការរៀបចំដីកសិកម្មដល់អ្នកតាំងទីលំនៅថ្មី
- រៀបចំដីដាំដុះកសិកម្មដល់អ្នកតាំងទីលំនៅថ្មីដូចជា សម្អាត ភ្ជួរ និងពង្រាបដីដំណាក់កាលដំបូង។
- កំណត់ដំណាំគម្របដី ផ្តល់ពូជ និងបច្ចេកទេសដាំដុះដំណាំគម្របដីនិងបញ្ជ្រាបកសិកម្មអភិរក្ស។
២. ការអភិវឌ្ឍ និងការរៀបចំសហគមន៍
- ផ្តល់ការគាំទ្រដល់ក្រុមដែលមានស្រាប់នៅក្នុងសហគមន៍ ដូចជាសហគមន៍កសិកម្ម សហគមន៍ព្រៃឈើ ក្រុមផលិត ក្រុមសន្សំ ក្រុមទុនបង្វិល..។ល។
- គាំទ្រ និងបង្កើតក្រុម ចំពោះសហគមន៍ទាំងឡាយណាដែលមិនទាន់មានក្រុមទៅតាមតម្រូវការជាក់ស្តែងរបស់សហគមន៍នីមួយៗ។
- ផ្តល់ការគាំទ្រ និងការពង្រឹងសមត្ថភាពសហគមន៍កសិកម្ម សហគមន៍ព្រៃឈើ ក្រុមសន្សំ និងក្រុមសហគមន៍ផ្សេងទៀត។
- ពង្រឹង និងបង្កើនសមត្ថភាពក្រុម និងអ្នកដឹកនាំទាក់ទងនឹងការគ្រប់គ្រងសមត្ថភាពចរចាតម្លៃក្នុងទីផ្សារ ការគ្រប់គ្រងទុន ការការពារធនធានដី និងធម្មជាតិ។ល។
៣. កែលំអ និងសាងសង់ប្រព័ន្ធស្រោចស្រពខ្នាតតូច
- ផ្តល់ការកែលំអ និងសាងសង់ប្រព័ន្ធស្រោចស្រពខ្នាតតូចដែលជាតម្រូវការរបស់សហគមន៍សម្រាប់ប្រើប្រាស់ក្នុងវិស័យផលិតកម្មកសិកម្ម។
៤. ការអភិវឌ្ឍជីវភាពរស់នៅ
- ផ្តល់ការគាំទ្រសេវាកម្មផ្សព្វផ្សាយបចេ្ចកទេសកសិកម្ម តាមរយៈការបង្កើតឲ្យមាន សាលាកសិករ ភ្នាក់ងារផ្សព្វផ្សាយកសិកម្ម និងភ្នាក់ងារពេទ្យសត្វភូមិ នៅតាមសហគមន៍។
- ផ្តល់ការគាំទ្រ និងជំនួយបច្ចេកទេសដល់កសិករលើការដាំដុះដំណាំ និងការចិញ្ចឹមសត្វ។
- ឧបត្ថម្ភទុន និងកញ្ចប់សម្ភារៈគាំទ្រដល់កសិករគំរូសម្រាប់ធ្វើជាចម្ការ ឬកសិដ្ឋានបង្ហាញក្នុងសហគមន៍។
- ផ្សារភ្ជាប់កសិផលរបស់កសិករដែលផលិតបានទៅទីផ្សារតាមរយៈកិច្ចសន្យាទីផ្សារ។
តំបន់គោលដៅអនុវត្តគម្រោង
ស្ថិតក្នុងភូមិសាស្ត្រខេត្តចំនួន ១០ សើ្មនឹង ៧១ទីតាំង (មានផ្ទៃដីសុរប ៣០ ០០០ហិកតា)៖
- ២៦ទីតាំងសម្រាប់ការងារសម្បទានដីសង្គមកិច្ច (២០ ០០០ហិកតា)
- ៤៥ទីតាំងសម្រាប់សហគមន៍ជនជាតិដើមភាគតិច(១០ ០០០ហិកតា)
អ្នកទទួលផល សរុប ៦៥០០គ្រួសារ ក្នុងនោះសហគមន៍ជនជាតិដើមភាគតិចមានចំនួន ១៥០០គ្រួសារ។