ក្រុមការងារគម្រោង LASED III ចុះផ្សព្វផ្សាយគោលគំនិត និងអត្ថប្រយោជន៍នៃក្រុមផលិត ជូនសម្បទានិកនៅខេត្តឧត្តរមានជ័យ

ចេញ​ផ្សាយ​ 02 Sep 2026
នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារគម្រោងថ្នាក់ជាតិនៃនាយកដ្ឋានអភិវឌ្ឍសហគមន៍កសិកម្ម សហការជាមួយមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ មន្ត្រីកសិកម្មឃុំពង្រ និងអ្នកសម្របសម្រួលការអភិវឌ្ឍកសិកម្ម (ADF) បានអនុវត្តសកម្មភាពផ្សព្វផ្សាយអំពី គោលគំនិត តួនាទី និងអត្ថប្រយោជន៍របស់ក្រុមផលិត ជូនសម្បទានិក នៅទីតាំងដីគម្រោង LASED III ស្ថិតនៅឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
សកម្មភាពនេះមានអ្នកចូលរួមសរុប ៥១នាក់ ក្នុងនោះស្ត្រី ៣៥នាក់។ កិច្ចប្រជុំបានផ្តោតលើការលើកកម្ពស់ការយល់ដឹងរបស់សម្បទានិកអំពីសារៈសំខាន់នៃការរៀបចំជាក្រុម ដើម្បីបង្កើនសមត្ថភាពផលិតកម្ម កាត់បន្ថយចំណាយ បង្កើនអំណាចចរចា និងបង្កើនឱកាសក្នុងការស្វែងរកទីផ្សារសម្រាប់ផលិតផលកសិកម្ម។
លទ្ធផលសម្រេចបាន៖ តាមរយៈកិច្ចប្រជុំ សម្បទានិកបានទទួលការយល់ដឹងបន្ថែមអំពី -គោលគំនិត តួនាទី និងអត្ថប្រយោជន៍នៃការបង្កើតក្រុមផលិត -ព្រមទាំងបានចូលរួមពិភាក្សាយ៉ាងសកម្មអំពីស្ថានភាពផលិតកម្មដែលមានស្រាប់នៅក្នុងសហគមន៍ ដូចជា ការដាំបន្លែ និងការចិញ្ចឹមមាន់។
ជាពិសេស សម្បទានិកបានយល់កាន់តែច្បាស់ពីសារៈសំខាន់នៃការរួមគ្នាជាក្រុម ក្នុងការរៀបចំផែនការផលិតកម្ម ការផ្គត់ផ្គង់ធាតុចូលកសិកម្ម ការចែករំលែកចំណេះដឹង និងបទពិសោធន៍ ការបង្កើនបរិមាណផលិតកម្ម និងការស្វែងរកទីផ្សារដែលមានសក្តានុពល។
កិច្ចប្រជុំបានប្រព្រឹត្តទៅដោយរលូន និងទទួលបានការចូលរួមយ៉ាងសកម្មពីសម្បទានិក ដែលជាមូលដ្ឋានសំខាន់សម្រាប់ការបន្តរៀបចំ និងពង្រឹង ក្រុមផលិតកសិកម្ម នៅក្នុងតំបន់ LASED III ឱ្យមានសមត្ថភាពផលិត និងតភ្ជាប់ទៅកាន់ទីផ្សារបានកាន់តែប្រសើរ។