នៅថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារគម្រោង LASED III នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានចុះប្រជុំពង្រឹងការងារភ្នាក់ងារសុខភាពសត្វភូមិ និងក្រុមចិញ្ចឹមមាន់ នៅភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងពង្រឹងស្ថានភាពការចិញ្ចឹមសត្វ សេវារបស់ភ្នាក់ងារសុខភាពសត្វភូមិ ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈមនានាដែលកសិករបានជួបប្រទះកន្លងមក។ ជាមួយគ្នានេះ ក្រុមការងារបានរំលឹក និងណែនាំបន្ថែមអំពីបច្ចេកទេសចិញ្ចឹមមាន់ដល់កសិករជាសម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ចដំណាក់កាលទី២ (LASED II) ដោយមានការអញ្ជើញចូលរួមពីលោកស្រីមេភូមិ និងសមាជិកភូមិ សរុបអ្នកចូលរួមចំនួន ២៦នាក់ ក្នុងនោះស្ត្រី ៨នាក់ និងបានរៀបចំឡើងនៅរោងប្រជុំភូមិព្រៃធំ។
ក្រោយបញ្ចប់កិច្ចប្រជុំ ក្រុមការងារបានបន្តចុះពិនិត្យជាក់ស្តែងនៅតាមគ្រួសារកសិករ ដើម្បីវាយតម្លៃការអនុវត្តការចិញ្ចឹម និងផ្តល់ការណែនាំអំពីការកែលម្អបច្ចេកទេស ដូចជា ការរៀបចំទ្រុងមាន់ ការធ្វើទ្រុងបំបែកកូនមាន់ និងការរៀបចំរបងជីវសុវត្ថិភាព ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺ។
ជាពិសេស ក្រុមការងារបានបង្ហាញ និងរំលឹកកសិករអំពីសារៈសំខាន់នៃការចាក់វ៉ាក់សាំងបង្ការជំងឺសំខាន់ៗដែលតែងកើតមានលើមាន់ ដូចជា ជំងឺញ៉ូកាស អាសន្នរោគ និងជំងឺអ៊ុតបក្សី។ លើសពីនេះ ក្រុមការងារបានផ្តល់ថ្នាំទម្លាក់ព្រូន ថ្នាំវីតាមីន (ETS) និងថ្នាំអង់ទីប៊ីយ៉ូទិច (ថ្នាំផ្សះ) មួយចំនួន ដល់កសិករចំនួន ១៥គ្រួសារ ដើម្បីជួយគាំទ្រដល់ការគ្រប់គ្រងសុខភាពសត្វ និងការចិញ្ចឹមមាន់ឱ្យបានត្រឹមត្រូវ។
តាមរយៈសកម្មភាពនេះ ក្រុមការងារបានចូលរួមពង្រឹងសមត្ថភាពកសិករ និងភ្នាក់ងារសុខភាពសត្វភូមិ ព្រមទាំងជំរុញឱ្យមានការអនុវត្តបច្ចេកទេសចិញ្ចឹមមាន់ឱ្យបានត្រឹមត្រូវ ដើម្បីរួមចំណែកដល់ការបង្កើនផលិតកម្ម ប្រាក់ចំណូល និងជីវភាពរបស់សម្បទានិកក្នុងតំបន់គម្រោង។