នៅថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ អ្នកសម្របសម្រួលការអភិវឌ្ឍកសិកម្ម និងប្រធានសហគមន៍កសិកម្មទំនើបប្រស្នឹបពន្លឺថ្មី សហការជាមួយក្រុមការងារក្រុមហ៊ុន ខេម ហ្គ្រេត ហ្វាម (Cam Great Farm) បានដឹកនាំសម្បទានិកគម្រោង LASED III ចំនួន ១២នាក់ ក្នុងនោះមានស្ត្រី ៩នាក់ ពីទីតាំងគម្រោង LASED III ក្នុងឃុំប្រស្នឹប ទៅធ្វើទស្សនកិច្ចសិក្សានៅសហគមន៍កសិកម្មតាសីសាមគ្គី។
ទស្សនកិច្ចសិក្សានេះមានគោលបំណងផ្តល់ឱកាសឱ្យសម្បទានិកបានសិក្សាស្វែងយល់ជាក់ស្តែងអំពីបច្ចេកទេសកសិកម្មទំនើប និងការអនុវត្តជាក់ស្តែងដែលអាចយកទៅអនុវត្តនៅទីតាំងរបស់ខ្លួន ដើម្បីបង្កើនផលិតភាព បង្កើនចំណូល និងលើកកម្ពស់ជីវភាពរស់នៅ។
ក្នុងដំណើរទស្សនកិច្ច សម្បទានិកបានសិក្សាស្វែងយល់អំពី៖
1. បច្ចេកទេសឆ្លាតវៃក្នុងការដាំដុះបន្លែនៅក្នុងផ្ទះសំណាញ់ និងការផលិតបន្លែសុវត្ថិភាព។
2. ខ្សែច្រវ៉ាក់ផលិតកម្ម ការរៀបចំផលិតកម្ម និងការភ្ជាប់ទៅកាន់ទីផ្សារ។
3. ការអនុវត្តកសិកម្មរួមផ្សំ និងការរៀបចំកសិដ្ឋានឱ្យមានប្រសិទ្ធភាព។
4. ការចិញ្ចឹមសត្វ និងត្រី ការផលិតជីធម្មជាតិ និងការកែច្នៃផលិតផលកសិកម្ម។
ការផ្លាស់ប្តូរបទពិសោធន៍ជាមួយសហគមន៍កសិកម្មតាសីសាមគ្គី សម្បទានិកទទួលបានចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងសំខាន់ៗ រួមមាន៖
* ដំណើរការនៃការចូលរួម និងការរួមគ្នាបង្កើតសហគមន៍កសិកម្ម ចាប់ពីដំណាក់កាលចាប់ផ្តើម រហូតដល់ទទួលបានជោគជ័យ។
* ការគ្រប់គ្រង និងថែទាំកូនដំណាំនៅក្នុងរោងបណ្តុះកូន។
* បច្ចេកទេសផលិតបន្លែសុវត្ថិភាព ទាំងការដាក់គ្រាប់ពូជផ្ទាល់ក្នុងដី និងការបណ្តុះកូនជាមុន។
* ការរៀបចំការដាំដុះនៅក្នុងកសិដ្ឋាន ដោយអនុវត្តកសិកម្មរួមផ្សំ និងផ្សារភ្ជាប់ជាមួយសកម្មភាពទេសចរណ៍កសិកម្ម។
* ការរៀបចំ និងគ្រប់គ្រងការដាំដុះឱ្យស្របតាមតម្រូវការទីផ្សារ និងរដូវកាល ដើម្បីកាត់បន្ថយហានិភ័យ និងបង្កើនប្រាក់ចំណេញ។
* បច្ចេកទេសរៀបចំទ្រុង និងការគ្រប់គ្រងការចិញ្ចឹមមាន់ពូជ និងទា។
តាមរយៈទស្សនកិច្ចសិក្សានេះ សម្បទានិកបានទទួលនូវចំណេះដឹង បទពិសោធន៍ និងគំនិតថ្មីៗសម្រាប់យកទៅអនុវត្តនៅទីតាំងគម្រោង LASED III ក្នុងឃុំប្រស្នឹប ជាពិសេសលើការធ្វើពិពិធកម្មផលិតកម្មកសិកម្ម ការផលិតបន្លែសុវត្ថិភាព ការចិញ្ចឹមសត្វ និងត្រី ការប្រើប្រាស់ធនធានក្នុងកសិដ្ឋានឱ្យមានប្រសិទ្ធភាព និងការផ្សារភ្ជាប់ផលិតកម្មទៅនឹងទីផ្សារ។ សកម្មភាពនេះជាផ្នែកមួយដែលរួមចំណែកដល់ការបង្កើនចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់សម្បទានិកក្នុងក្របខណ្ឌគម្រោង LASED III។