ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារគម្រោង បែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកស្រី ប៊ិន រតនា អនុប្រធានមន្ទីរ និងជាជនបង្គោលគម្រោង បានចុះរៀបចំកិច្ចប្រជុំពង្រឹង និងតម្រង់ទិសការងារដល់ភ្នាក់ងារផ្សព្វផ្សាយភូមិ និងក្រុមដាំបន្លែ នៅសាលប្រជុំភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
កិច្ចប្រជុំនេះមានអ្នកចូលរួមសរុប ៣០នាក់ ក្នុងនោះស្ត្រី ២៤នាក់ ដោយមានការអញ្ជើញចូលរួមពីអនុភូមិ សមាជិកភូមិ និងតំណាង សហគមន៍កសិកម្មស្ត្រីក្តីសង្ឃឹមរស្មីសាមគ្គី ដែលស្ថិតក្នុងតំបន់គម្រោង LASED III។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ក្រុមការងារបានបន្តចុះពិនិត្យដោយផ្ទាល់លើសកម្មភាពដាំបន្លែរបស់កសិករ ដើម្បីស្វែងយល់ពីវឌ្ឍនភាព បញ្ហាប្រឈម និងតម្រូវការជាក់ស្តែង ព្រមទាំងបានផ្តល់ពូជបន្លែមួយចំនួនជូនកសិករចំនួន ១៥គ្រួសារ រួមមាន ប៉េងប៉ោះ សណ្តែកគួរ ល្ពៅ ស្ពៃខ្មៅ ត្រប់ស្រួយ និងត្រសក់ សម្រាប់យកទៅបន្តដាំដុះ និងពង្រីកផលិតកម្មក្នុងសហគមន៍។
សកម្មភាពចុះពង្រឹង និងគាំទ្រនេះ មានគោលបំណងសំខាន់ៗរួមមាន៖
* ជំរុញ និងលើកទឹកចិត្តដល់កសិករ ឱ្យបង្កើនការដាំដុះបន្លែ និងពង្រីកផ្ទៃដីផលិតកម្ម។
* ពង្រឹងសមត្ថភាពក្រុមដាំបន្លែ និងភ្នាក់ងារផ្សព្វផ្សាយភូមិ ក្នុងការគាំទ្រ និងផ្សព្វផ្សាយបច្ចេកទេសដាំដុះដល់កសិករ។
* ធានាឱ្យមានការផលិត និងផ្គត់ផ្គង់បន្លែជាប្រចាំ ដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់ក្នុងសហគមន៍។
* ជួយបង្កើនប្រាក់ចំណូលពីផលិតកម្មបន្លែ និងកាត់បន្ថយការចំណាយរបស់គ្រួសារលើការទិញបន្លែ។
* រួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងភាពធន់ទ្រាំផ្នែកសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ LASED III។
តាមរយៈសកម្មភាពនេះ គម្រោង LASED III បន្តផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងធនធានចាំបាច់ដល់កសិករ ដើម្បីពង្រឹងផលិតកម្មកសិកម្មក្នុងសហគមន៍ និងជំរុញឱ្យការដាំបន្លែអាចក្លាយជាប្រភពចំណូលប្រកបដោយនិរន្តរភាពសម្រាប់គ្រួសារអ្នកទទួលផល។