កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការជ្រើសរើសទីតាំង និងអ្នកទទួលផលចំនួន ៤,០០០គ្រួសារ ក្រោមក្របខណ្ឌគម្រោង LASED-AF 40

ចេញ​ផ្សាយ​ 27 Aug 2026
នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅការិយាល័យគម្រោងបែងចែកដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធ Zoom ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង ស្តីពីការជ្រើសរើសទីតាំង និងអ្នកទទួលផលចំនួន ៤,០០០គ្រួសារ នៅខេត្តគោលដៅចំនួន៤ រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តបាត់ដំបង ក្រោមក្របខណ្ឌគម្រោង LASED-AF 40។
កិច្ចប្រជុំនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីលោក អ៊ុត សំអាល់ ប្រធានគ្រប់គ្រងគម្រោង លោក សាយ តុំ ប្រធានក្រុមបច្ចេកទេស ទីប្រឹក្សា តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅទាំង៤ ព្រមទាំងក្រុមការងារគម្រោង LASED III និងមន្ត្រីពាក់ព័ន្ធ។
ក្នុងកិច្ចប្រជុំ ឯកឧត្តម ឃី កុសល បានគូសបញ្ជាក់អំពីសារៈសំខាន់ និងគោលបំណងរបស់គម្រោង LASED-AF 40 ដែលផ្តោតលើការចូលរួមស្តារជីវភាពរស់នៅរបស់ពលករចំណាកស្រុក និងពង្រឹងភាពធន់ទ្រាំផ្នែកសង្គម និងសេដ្ឋកិច្ចរបស់គ្រួសារងាយរងគ្រោះ តាមរយៈការផ្តល់ និងគាំទ្រសម្បទានដីសង្គមកិច្ច ការគាំទ្រសម្ភារតាំងទីលំនៅ កញ្ចប់សម្ភារកសិកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច ការកសាងសមត្ថភាពផ្នែកកសិកម្មដល់ក្រុមផលិត ការលើកកម្ពស់ភាពធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ និងការពង្រឹងទំនាក់ទំនងទីផ្សារ។
ជាមួយគ្នានេះ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃខេត្តគោលដៅនីមួយៗ បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃការកំណត់ទីតាំងសម្រាប់រៀបចំផែនការប្រើប្រាស់ដីកសិកម្ម និងដីលំនៅដ្ឋាន ព្រមទាំងបច្ចុប្បន្នភាពទិន្នន័យពលករខ្មែរដែលបានធ្វើចំណាកស្រុកត្រឡប់មកពីប្រទេសថៃ នៅតាមបណ្តាស្រុកនានា។
កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើលក្ខខណ្ឌសម្រាប់កំណត់អាទិភាពអ្នកទទួលផល ដោយផ្តោតលើក្រុមគ្រួសារដែលមានភាពងាយរងគ្រោះ និងត្រូវការការគាំទ្រជាអាទិភាព រួមមាន៖
១. ពលករចំណាកស្រុកដែលមានអាយុលើសពី ៤០ឆ្នាំ និងបានត្រឡប់មករស់នៅក្នុងប្រទេសកម្ពុជា។
២. ពលករចំណាកស្រុកដែលខ្វះដីកសិកម្ម ឬមិនមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ប្រកបរបរកសិកម្ម។
៣. ពលករចំណាកស្រុកជាស្ត្រីជាមេគ្រួសារ ដែលស្ថិតក្នុងស្ថានភាពងាយរងគ្រោះ និងត្រូវការការគាំទ្រជាអាទិភាព។
៤. ប្រជាពលរដ្ឋខ្មែរដែលខ្វះឯកសារផ្លូវការ និងមិនមែនជាអ្នកទទួលផលពីគម្រោងផ្សេងទៀត ដើម្បីធានាឱ្យការគាំទ្រឈានដល់គ្រួសារដែលមានតម្រូវការពិតប្រាកដ។
៥. ពលករចំណាកស្រុកដែលមិនទាន់មានការងារធ្វើ និងមានតម្រូវការចាំបាច់ក្នុងការស្តារជីវភាព និងបង្កើតមុខរបរប្រកបដោយចីរភាព។
ជារួម កិច្ចប្រជុំនេះមានសារៈសំខាន់ក្នុងការពិនិត្យ និងតម្រង់ទិសការងាររបស់ក្រុមការងារពាក់ព័ន្ធ ដើម្បីធានាឱ្យការជ្រើសរើសទីតាំង និងអ្នកទទួលផលចំនួន ៤,០០០គ្រួសារ ក្នុងខេត្តគោលដៅទាំង៤ ប្រព្រឹត្តទៅដោយមានលក្ខណៈច្បាស់លាស់ តម្លាភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសពលករចំណាកស្រុកដែលបានត្រឡប់មកស្រុកកំណើត និងគ្រួសារដែលមានភាពងាយរងគ្រោះ។
ការអនុវត្តសកម្មភាពក្រោមក្របខណ្ឌ LASED-AF 40 នឹងរួមចំណែកក្នុងការបង្កើតឱកាសប្រកបរបរថ្មី កែលម្អជីវភាពគ្រួសារ ពង្រឹងផលិតកម្មកសិកម្ម និងភាពធន់ទ្រាំសង្គម-សេដ្ឋកិច្ច ព្រមទាំងជំរុញការអភិវឌ្ឍសហគមន៍នៅតាមតំបន់គោលដៅ។