នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅការិយាល័យគម្រោងបែងចែកដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ របាយការណ៍វឌ្ឍនភាពនៃការវាយតម្លៃអ្នកទទួលផល របស់អ្នកផ្តល់សេវាបច្ចេកទេស ក្រុមហ៊ុន Resources Development Consultants (Pvt) Ltd. (RDC) ក្រោមកិច្ចសន្យាសេវាប្រឹក្សា MAFF-CS-21។
កិច្ចប្រជុំនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីលោក អ៊ុត សំអាល់ ប្រធានគ្រប់គ្រងគម្រោង អ្នកជំនាញបច្ចេកទេសជាតិ និងអន្តរជាតិ ទីប្រឹក្សា ព្រមទាំងមន្ត្រីបច្ចេកទេសពាក់ព័ន្ធនៃនាយកដ្ឋានក្សេត្រសាស្ត្រ និងក្រុមការងារគម្រោង LASED III។
ក្នុងកិច្ចប្រជុំ លោកបណ្ឌិត Ajantha De Silva ប្រធានក្រុមបច្ចេកទេសជំនួយជីវភាព និងកសិកម្ម (MAFF-CS-21) បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃការវាយតម្លៃអ្នកទទួលផល នៅតាមទីតាំងដីសម្បទានសង្គមកិច្ច ដោយផ្តោតលើស្ថានភាពជាក់ស្តែង តម្រូវការ សក្តានុពល និងចំណាប់អារម្មណ៍របស់សម្បទានិក និងសហគមន៍ជនបទ ក្នុងការអភិវឌ្ឍផលិតកម្មកសិកម្ម និងជីវភាពគ្រួសារ។
ក្រុមហ៊ុន RDC ក្នុងនាមជាអ្នកផ្តល់សេវាបច្ចេកទេស មានតួនាទីគាំទ្រការអនុវត្តសកម្មភាពជីវភាព និងកសិកម្មរបស់គម្រោង តាមរយៈការងារសំខាន់ៗចំនួន ៣៖
១. វាយតម្លៃស្ថានភាព និងតម្រូវការអ្នកទទួលផល
ធ្វើការវាយតម្លៃសម្បទានិក និងសហគមន៍ជនជាតិដើមភាគតិច លើតម្រូវការ ចំណាប់អារម្មណ៍ និងសមត្ថភាពក្នុងការអនុវត្តកសិកម្ម ចំណេះដឹងមូលដ្ឋានផ្នែកកសិកម្ម ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ និងធនធានដែលមានស្រាប់។
២. រៀបចំផែនការប្រតិបត្តិ និងវិធីសាស្ត្រគាំទ្រកសិករ
រៀបចំផែនការអនុវត្តដោយផ្អែកលើលទ្ធផលវាយតម្លៃ ដោយផ្តោតលើការពង្រឹង សាលារៀនស្រែកសិករ (Farmer Field School) ការធ្វើបង្ហាញបច្ចេកទេស ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងការទំនាក់ទំនង ការអនុវត្តកសិកម្មល្អ (Good Agricultural Practices – GAP) ការអភិវឌ្ឍផលិតកម្ម និងការភ្ជាប់ទីផ្សារ។
៣. គាំទ្រការអនុវត្ត តាមដាន និងធានានិរន្តរភាព
ចូលរួមអនុវត្ត និងតាមដានសកម្មភាពគម្រោងនៅមូលដ្ឋាន ត្រួតពិនិត្យវឌ្ឍនភាព និងលទ្ធផល រៀបចំរបាយការណ៍ ព្រមទាំងរៀបចំ យុទ្ធសាស្ត្រចាកចេញ (Exit Strategy) ដើម្បីធានាឱ្យចំណេះដឹង ជំនាញ និងសកម្មភាពកសិកម្មដែលបានគាំទ្រ អាចបន្តអនុវត្តដោយសម្បទានិក និងសហគមន៍ប្រកបដោយនិរន្តរភាព។
ជារួម ការងាររបស់ RDC/MAFF-CS-21 មានសារៈសំខាន់ក្នុងការភ្ជាប់លទ្ធផលនៃការវាយតម្លៃតម្រូវការរបស់អ្នកទទួលផល ទៅនឹងការរៀបចំផែនការគាំទ្រផ្នែកកសិកម្ម និងជីវភាពជាក់ស្តែង ដោយផ្តោតលើការពង្រឹងសមត្ថភាពកសិករ ការបង្កើនផលិតភាព ការភ្ជាប់ទីផ្សារ និងការធានានិរន្តរភាពនៃលទ្ធផលគម្រោង LASED III។