វគ្គបណ្តុះបណ្តាលរំលឹកសាលារៀនស្រែកសិករ ស្តីពីការចិញ្ចឹមមាន់ និងការចិញ្ចឹមគោ

ចេញ​ផ្សាយ​ 27 Aug 2026
នៅថ្ងៃទី១០–១១ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារគម្រោង LASED III នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង​ បានសហការជាមួយអ្នកសម្របសម្រួលការអភិវឌ្ឍន៍កសិកម្ម ចុះរៀបចំវគ្គបណ្តុះបណ្តាលរំលឹកសាលារៀនស្រែកសិករ ស្តីពី បច្ចេកទេសចិញ្ចឹមមាន់ និងចិញ្ចឹមគោ នៅសហគមន៍ជនជាតិដើមភាគតិចភូមិកាតូត ឃុំកំភុន ស្រុកសេសាន។
វគ្គបណ្តុះបណ្តាលបានផ្តោតលើចំណេះដឹង និងបច្ចេកទេសសំខាន់ៗក្នុងការចិញ្ចឹមមាន់ រួមមាន ការរៀបចំទ្រុង ការជ្រើសរើសពូជ ការផ្តល់ចំណី និងទឹក ការការពារជំងឺ ការចាក់វ៉ាក់សាំង និងការអនុវត្តវិធានការការពារជំងឺឆ្លងសំខាន់ៗ ដូចជា ជំងឺញូវកាស​ និងអាសន្នរោគមាន់។
ចំពោះការចិញ្ចឹមគោ កសិករបានទទួលការបណ្តុះបណ្តាលអំពីការរៀបចំទ្រុង ឬក្រោលគោ ប្រភេទជំងឺ និងវិធានការការពារ ការចាក់ថ្នាំការពារ ការបង្កាត់ពូជ ការផ្តល់ចំណី និងតម្រូវការសារធាតុចិញ្ចឹមសម្រាប់គោ។ ជាពិសេស វគ្គបណ្តុះបណ្តាលបានបញ្ចូលការអនុវត្តជាក់ស្តែងលើការចាក់វ៉ាក់សាំងសារទឹក និងវ៉ាក់សាំងបូសខ្យល់លើសត្វគោ ដើម្បីពង្រឹងសមត្ថភាពកសិករក្នុងការការពារ និងគ្រប់គ្រងសុខភាពសត្វប្រកបដោយប្រសិទ្ធភាព។
វគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមសរុប ៦៧នាក់ ក្នុងនោះស្ត្រី ៥៥នាក់។ តាមរយៈការបណ្តុះបណ្តាល និងការអនុវត្តជាក់ស្តែង កសិករបានបង្កើនចំណេះដឹង និងជំនាញបច្ចេកទេស ដែលអាចយកទៅអនុវត្តក្នុងការចិញ្ចឹមសត្វនៅគ្រួសារ ដើម្បីបង្កើនផលិតភាព បង្ការហានិភ័យជំងឺ និងរួមចំណែកលើកកម្ពស់ជីវភាពគ្រួសារ។