នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាស្វែងយល់ ពីសម្បទានិកក្នុងការមករស់នៅទីតាំងថ្មី និងការរៀបចំអភិវឌ្ឍ នៅឃុំប្រស្នឹប ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ដឹកនាំដោយ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម នៃគម្រោង LASED III។
កម្មវិធីនេះមានការចូលរួមពីក្រុមការងារអនុវត្តគម្រោងថ្នាក់ជាតិ ជនបង្គោលអនុវត្តគម្រោងថ្នាក់ខេត្ត ទីប្រឹក្សាគម្រោង និងភ្នាក់ងារសម្របសម្រួលអភិវឌ្ឍកសិកម្ម មកពីខេត្តគោលដៅចំនួន ៧ រួមមាន ខេត្តកំពង់ឆ្នាំង កំពង់ធំ ក្រចេះ ស្ទឹងត្រែង ឧត្តរមានជ័យ បន្ទាយមានជ័យ និងបាត់ដំបង ព្រមទាំងសហគមន៍តាសីសាមគ្គី សរុបប្រមាណ ៥០នាក់ ក្នុងនោះស្ត្រី ៨នាក់។
ក្នុងឱកាសនេះ ឯកឧត្តម ឃី កុសល បានគូសបញ្ជាក់ពីសារៈសំខាន់នៃការចែករំលែកបទពិសោធន៍ពីការរៀបចំ និងអភិវឌ្ឍទីតាំងដីសម្បទានសង្គមកិច្ចនៅឃុំប្រស្នឹប ចាប់តាំងពីដំណាក់កាលដំបូង រហូតមកដល់បច្ចុប្បន្ន ព្រមទាំងការស្វែងយល់ពីបញ្ហាប្រឈម និងដំណោះស្រាយរបស់សម្បទានិកក្នុងការរស់នៅ និងប្រកបរបរកសិកម្ម។
ជាពិសេស ក្រុមការងារបានសិក្សាពីបទពិសោធន៍របស់សហគមន៍តាសីសាមគ្គី ដែលបានរួមចំណែកអភិវឌ្ឍទីតាំងដីសម្បទាន ការធ្វើកសិកម្មចម្រុះ និងការរៀបចំប្រព័ន្ធទឹក ដើម្បីធានាការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
ឯកឧត្តមបានលើកទឹកចិត្តឱ្យក្រុមការងារគម្រោង LASED III មកពីខេត្តទាំង ៧ ចូលរួមកត់ត្រា និងសិក្សាចំណុចល្អៗពីបទពិសោធន៍របស់សហគមន៍ ដើម្បីយកទៅចែករំលែក និងអនុវត្តសមស្របតាមបរិបទនៃទីតាំងនីមួយៗ ព្រមទាំងស្វែងរកវិធីសាស្ត្របន្ថែមក្នុងការជំរុញការអភិវឌ្ឍដីឡូតិ៍កសិកម្ម ផ្ទះសំណាញ់ និងការដាំដុះដំណាំបន្លែ ឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព។
កម្មវិធីទស្សនកិច្ចសិក្សានេះ បានផ្តល់ឱកាសដល់ក្រុមការងារអនុវត្តគម្រោង LASED III មកពីខេត្តទាំង ៧ ក្នុងការផ្លាស់ប្តូរបទពិសោធន៍ សិក្សាពីគំរូអនុវត្តជាក់ស្តែង និងស្វែងរកមេរៀនល្អៗ ដើម្បីយកទៅពង្រឹងការអនុវត្តសកម្មភាពគម្រោងនៅតាមទីតាំងគោលដៅនីមួយៗ ស្របតាមគោលដៅរបស់គម្រោង LASED III ក្នុងការលើកកម្ពស់ផលិតភាពកសិកម្ម ការអភិវឌ្ឍសេដ្ឋកិច្ច និងការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទទួលផល។