សកម្មភាពផ្សព្វផ្សាយ និងបណ្តុះបណ្តាលស្តីពីសមភាពយេនឌ័រ និងការបញ្ជ្រាបយេនឌ័រក្នុងវិស័យកសិកម្ម

ចេញ​ផ្សាយ​ 30 Jul 2026
7

នៅថ្ងៃទី ២៨-៣០ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារទទួលបន្ទុកផ្នែកយេនឌ័រ (C&G) នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) សហការជាមួយក្រុមការងារ C&G នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងទីប្រឹក្សាយេនឌ័រ បានចុះរៀបចំវគ្គផ្សព្វផ្សាយ និងបណ្តុះបណ្តាលស្តីពី សមភាពយេនឌ័រ ស្ត្រីក្នុងការសម្រេចចិត្ត អំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ និងការបញ្ជ្រាបយេនឌ័រក្នុងវិស័យកសិកម្ម

សកម្មភាពនេះត្រូវបានរៀបចំនៅ ដីសម្បទានសង្គមកិច្ចឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និង ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការសម្របសម្រួល និងចូលរួមពីក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីរកិច្ចការនារី មន្ត្រីសម្របសម្រួលកសិកម្ម និងមន្ត្រីសម្របសម្រួលដែនដី នគរូបនីយកម្ម និងសំណង់។

ក្នុងសកម្មភាពនេះ មានអ្នកចូលរួមសរុប ១៣៣ នាក់ ក្នុងនោះស្ត្រី ៧៧ នាក់ ស្មើនឹង ៥៧,៨៩% រួមមាន៖
-ដីសម្បទានសង្គមកិច្ចឃុំព្រះផុស៖ អ្នកចូលរួម ៦៨ នាក់ ក្នុងនោះស្ត្រី ២៦ នាក់
-ឃុំប្រស្នឹប៖ អ្នកចូលរួម ៦៥ នាក់ ក្នុងនោះស្ត្រី ៥១ នាក់

គោលបំណងសំខាន់
ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីទស្សនទាន និងការបញ្ជ្រាបយេនឌ័រក្នុងផលិតកម្មដំណាំកសិកម្ម ព្រមទាំងបង្កើនការយល់ដឹងអំពីអំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រនៅតាមសហគមន៍ និងក្រុមផលិត។

លទ្ធផលរំពឹងទុក
អ្នកចូលរួមទទួលបានការយល់ដឹងកាន់តែប្រសើរអំពីគោលគំនិត និងទស្សនៈយេនឌ័រ ព្រមទាំងអាចវិភាគពីតម្រូវការ និងតួនាទីរបស់ស្ត្រី និងបុរសនៅក្នុងសហគមន៍។ សកម្មភាពនេះក៏រួមចំណែកក្នុងការកាត់បន្ថយវិសមភាពយេនឌ័រ និងអំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ នៅក្នុងខ្សែច្រវាក់ផលិតកម្មដំណាំកសិកម្ម ការងារនៅតំបន់សម្បទានដីសង្គមកិច្ច និងសកម្មភាពក្នុងសហគមន៍ ឬក្រុមផលិត ជាពិសេសក្នុងសហគមន៍ជនជាតិដើមភាគតិច។

#LASEDIII #GenderEquality #GenderMainstreaming #Agriculture #WomenEmpowerment #GenderBasedViolence #MAFF