វគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសផលិតកម្មបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ និងការអនុវត្តតាមគោលការណ៍នៃការអនុវត្តកសិកម្មល្អ

ចេញ​ផ្សាយ​ 27 Jul 2026
19
កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ អ្នកសម្របសម្រួលការអភិវឌ្ឍកសិកម្ម (ADF) សហការជាមួយក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសផលិតកម្មបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ និងការអនុវត្តតាមគោលការណ៍នៃការអនុវត្តកសិកម្មល្អ (Good Agricultural Practices: GAP) ជូនដល់សម្បទានិកនៅឃុំគោល និងឃុំទំរីង។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងលើកកម្ពស់ចំណេះដឹង និងជំនាញបច្ចេកទេសរបស់សម្បទានិក ក្នុងការផលិតបន្លែប្រកបដោយសុវត្ថិភាព និងគុណភាពខ្ពស់ ស្របតាមស្តង់ដារ GAP។ ខ្លឹមសារបណ្តុះបណ្តាលផ្តោតលើការរៀបចំដីសម្រាប់ដាំដុះ ការបណ្តុះកូនបន្លែ ការដាំ និងថែទាំដំណាំ ការគ្រប់គ្រងជំងឺ និងសត្វល្អិតចង្រៃ ព្រមទាំងការដាំដុះឈើហូបផ្លែតាមបច្ចេកទេសត្រឹមត្រូវ។ លើសពីនេះ ក៏បានជំរុញការបង្កើនផលិតកម្មបន្លែ និងឈើហូបផ្លែ ដើម្បីបង្កើនប្រាក់ចំណូល និងពង្រឹងការតភ្ជាប់ទៅកាន់ទីផ្សារ។
វគ្គបណ្តុះបណ្តាលត្រូវបានរៀបចំសរុបចំនួន ៤វគ្គ ដូចខាងក្រោម៖
* ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦៖ វគ្គទី១ នៅឃុំគោល មានសម្បទានិកចូលរួមសរុប ៥៥រូប ក្នុងនោះស្ត្រី ៣១រូប។
* ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦៖ វគ្គទី២ នៅឃុំគោល មានសម្បទានិកចូលរួមសរុប ៥២រូប ក្នុងនោះស្ត្រី ២៦រូប។
* ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦៖ វគ្គទី១ នៅឃុំទំរីង មានសម្បទានិកចូលរួមសរុប ៥៩រូប ក្នុងនោះស្ត្រី ៣០រូប។
* ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦៖ វគ្គទី២ នៅឃុំទំរីង មានសម្បទានិកចូលរួមសរុប ៦៣រូប ក្នុងនោះស្ត្រី ៣១រូប។
ជាសរុប វគ្គបណ្តុះបណ្តាលទាំង ៤វគ្គ មានអ្នកចូលរួមសរុប ២២៩រូប ក្នុងនោះ ស្ត្រី ១១៨រូប។ តាមរយៈការបណ្តុះបណ្តាលនេះ សម្បទានិកទទួលបានចំណេះដឹង និងជំនាញអនុវត្តជាក់ស្តែងលើការផលិតបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ និងការអនុវត្តតាមគោលការណ៍ GAP ដែលជួយបង្កើនគុណភាពផលិតផល កាត់បន្ថយហានិភ័យពីជំងឺ និងសត្វល្អិត ព្រមទាំងបង្កើនឱកាសក្នុងការផលិតដំណាំឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងលើកកម្ពស់ជីវភាពរស់នៅរបស់សម្បទានិកឱ្យកាន់តែប្រសើរឡើង។