នៅថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោក ហ៊ីង មុន្នីរ៉ុង មន្ត្រីអនុវត្តន៍គម្រោងផ្នែកផលិតកម្ម និងបសុព្យាបាល សហការជាមួយអ្នកសម្របសម្រួលកសិកម្មគម្រោង (ADF) និងអាជ្ញាធរភូមិ បានចុះតាមដាន និងណែនាំបច្ចេកទេសថែទាំកូនមាន់ដល់សម្បទានិកចំនួន ២០គ្រួសារ ដែលទទួលបានការគាំទ្រកូនមាន់ពីគម្រោង នៅទីតាំងដីសម្បទាន ភូមិតេជោសន្តិភាព ឃុំប៉ោយចារ ស្រុកភ្នំស្រុក។
ក្នុងឱកាសនោះ មន្ត្រីបច្ចេកទេសបានផ្តល់ការណែនាំដល់សម្បទានិកអំពីការថែទាំកូនមាន់ក្នុងដំណាក់កាលដំបូង ដោយផ្តោតលើការផ្តល់កំដៅឱ្យបានគ្រប់គ្រាន់ តាមរយៈការដុតធ្យូងដាក់ក្នុងក្អម ឬដាក់កូនមាន់ក្នុងប្រអប់នៅពេលយប់ ដើម្បីការពារការបាត់បង់កំដៅ។ ទន្ទឹមនឹងនេះ ក៏បានណែនាំឱ្យប្រើប្រាស់ចំណីរោងចក្រសម្រាប់កូនមាន់ រក្សាកូនមាន់ក្នុងទ្រុង ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ការតាមដានសុខភាព និងការពារពីសត្វចង្រៃ ព្រមទាំងផ្តល់វីតាមីនជាប្រចាំ ដើម្បីជួយពង្រឹងសុខភាព និងជំរុញការលូតលាស់របស់កូនមាន់។
ជាមួយគ្នានេះ ក្រុមការងារក៏បានចែកជូនវីតាមីន A D E ចំនួន ១កញ្ចប់ក្នុងមួយគ្រួសារ សរុប ២០កញ្ចប់ ដល់សម្បទានិកទាំង ២០គ្រួសារ ដើម្បីប្រើប្រាស់សម្រាប់ថែទាំកូនមាន់ឱ្យមានសុខភាពល្អ និងកាត់បន្ថយហានិភ័យនៃជំងឺក្នុងដំណាក់កាលដំបូង។
បន្ថែមពីនេះ ក្រុមការងារបានចុះពិនិត្យទីតាំងដែលគ្រោងរៀបចំជាកន្លែងបង្ហាញអំពីការចិញ្ចឹមមាន់ ដោយបានណែនាំម្ចាស់គ្រួសារឱ្យត្រៀមសម្ភារៈចាំបាច់សម្រាប់សាងសង់ទ្រុងមាន់ និងរៀបចំផែនការអនុវត្តសាលាស្រែកសិករ (FFS) ស្តីពីការចិញ្ចឹមសត្វ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយ ដើម្បីលើកកម្ពស់ចំណេះដឹង និងជំនាញបច្ចេកទេសដល់សម្បទានិក។