នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការដឹកនាំ និងគ្រប់គ្រងគម្រោង រួមជាមួយឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ និងជានាយកផ្នែកកសិកម្ម នៃគម្រោងLASEDIII បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា «បូកសរុបការងារអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ រយៈពេល ៦ខែ ឆ្នាំ២០២៦និងទិសដៅអនុវត្តបន្ត»។
សិក្ខាសាលារៀបចំឡើងដោយក្រុមហ៊ុនទីប្រឹក្សាផ្នែកបច្ចេកទេស Research Development Consultant Co., Ltd. (RDC) សហការជាមួយគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) នៅខេត្តមណ្ឌលគិរី។ សិក្ខាសាលាមានអ្នកចូលរួមសរុបចំនួន ១០៩នាក់ ក្នុងនោះស្ត្រី ១០នាក់ មកពីក្រសួងកសិកម្ម មន្ទីរកសិកម្មខេត្ត មន្ត្រីសម្របសម្រួលអភិវឌ្ឍកសិកម្ម (ADF) ទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធនៃគម្រោង LASED III។
ក្នុងឱកាសនោះ សិក្ខាសាលាក៏បានរៀបចំកិច្ចពិភាក្សាជាក្រុម ដើម្បីប្រមូលមតិយោបល់សម្រាប់កែលម្អការវាយតម្លៃបំពេញបន្ថែមលើលទ្ធផលដែលបានរកឃើញដោយក្រុមហ៊ុន RDC ចែករំលែកលទ្ធផល បទពិសោធ មេរៀនដែលទទួលបាន បញ្ហាប្រឈម និងសកម្មភាពដែលបានស្នើឡើង ព្រមទាំងទទួលយកមតិកែលម្អ និងអនុសាសន៍ពីថ្នាក់ដឹកនាំគម្រោង។
ជាមួយគ្នានេះ សិក្ខាសាលាក៏បានពិភាក្សាលើវិធីសាស្ត្រវាយតម្លៃបន្ថែម ពាក់ព័ន្ធនឹងការធ្វើកសិកម្មគិតគូរដល់អាហាររូបត្ថម្ភ ការផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ការចិញ្ចឹមសត្វ និងការអភិវឌ្ឍទីផ្សារ ព្រមទាំងកំណត់សកម្មភាពអាទិភាពបន្ថែម គាំទ្រអ្នកទទួលផលនៅក្នុងតំបន់ TICs និង SLCs ចំនួន៣៣ ឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព។ សិក្ខាសាលាក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់គម្រោង និងភាគីពាក់ព័ន្ធ ក្នុងការពង្រឹងគុណភាពនៃការអនុវត្តសកម្មភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអ្នកទួលផល ឱ្យកាន់តែប្រសើរឡើង ស្របតាមគោលដៅរបស់គម្រោង LASED III៕