នៅថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារទទួលបន្ទុកផ្សព្វផ្សាយ និងយេនឌ័រ រួមជាមួយទីប្រឹក្សាយេនឌ័រនៃគម្រោង LASED III មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកសម្របសម្រួលអភិវឌ្ឍកសិកម្មខេត្តស្ទឹងត្រែង បានសហការរៀបចំវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករ (Farmer Field School) ស្តីពី ផលិតកម្មដំណាំស្រូវ និងការផ្សព្វផ្សាយអំពី ការបញ្ជ្រាបយេនឌ័រក្នុងវិស័យកសិកម្ម សមភាពយេនឌ័រ ការចូលរួមក្នុងការសម្រេចចិត្ត និងការទប់ស្កាត់អំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ នៅឃុំភ្លុក ឃុំសាមឃួយ និងឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
វគ្គបណ្តុះបណ្តាលនេះ មានអ្នកចូលរួមសរុប ១៧៦នាក់ ក្នុងនោះ ស្ត្រី ៩២នាក់ ស្មើនឹង ៥២.២៧% រួមមាន៖
* ឃុំស្រែគរ៖ ៤៧នាក់ (ស្ត្រី ២៩នាក់)
* ឃុំភ្លុក៖ ៤២នាក់ (ស្ត្រី ២៦នាក់)
* ឃុំសាមឃួយ៖ ៤៥នាក់ (ស្ត្រី ៣៤នាក់)
* អ្នកចូលរួមពីភូមិ និងភាគីពាក់ព័ន្ធផ្សេងទៀត៖ ៤២នាក់ (ស្ត្រី ៣នាក់)
គោលបំណង នៃវគ្គបណ្តុះបណ្តាល គឺដើម្បីពង្រឹងចំណេះដឹងដល់កសិករអំពីបច្ចេកទេសផលិតកម្មដំណាំស្រូវ ប្រើប្រាស់ពូជដែលមានគុណភាព កាត់បន្ថយថ្លៃដើមផលិតកម្ម និងរៀបចំផែនការផលិតឱ្យមានប្រសិទ្ធភាព ដើម្បីបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពគ្រួសារ។ ទន្ទឹមនឹងនេះ ក៏បានផ្សព្វផ្សាយអំពីគោលគំនិតសមភាពយេនឌ័រ ការបញ្ជ្រាបយេនឌ័រក្នុងវិស័យកសិកម្ម ការចូលរួមរបស់ស្ត្រី និងបុរសក្នុងការសម្រេចចិត្ត និងការទប់ស្កាត់អំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រនៅក្នុងសហគមន៍ និងក្រុមផលិត។
ជាលទ្ធផលអ្នកចូលរួមបានយល់ដឹងកាន់តែច្បាស់អំពីបច្ចេកទេសផលិតកម្មដំណាំស្រូវ ការកាត់បន្ថយចំណាយ ការប្រើប្រាស់ពូជស្រូវដែលមានគុណភាព និងធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីបង្កើនទិន្នផល និងប្រាក់ចំណូល។ លើសពីនេះ អ្នកចូលរួមក៏បានបង្កើនការយល់ដឹងអំពីសមភាពយេនឌ័រ តួនាទី និងតម្រូវការរបស់ស្ត្រី និងបុរស ការចូលរួមក្នុងការសម្រេចចិត្ត និងការបង្ការ និងទប់ស្កាត់អំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ ដែលរួមចំណែកកាត់បន្ថយវិសមភាពយេនឌ័រ និងលើកកម្ពស់ការចូលរួមប្រកបដោយសមធម៌ក្នុងសកម្មភាពកសិកម្ម សម្បទានដីសង្គមកិច្ច និងការអភិវឌ្ឍសហគមន៍។