ចុះពង្រឹងសមត្ថភាពភ្នាក់ងារផ្សព្វផ្សាយភូមិ និងក្រុមដាំបន្លែ នៅទីតាំងគម្រោង LASED III ភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

ចេញ​ផ្សាយ​ 22 Jun 2026
44
ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារគម្រោង LASED III នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកស្រី ប៊ិន រតនា អនុប្រធានមន្ទីរ និងជាជនបង្គោលគម្រោងថ្នាក់ខេត្ត បានចុះពង្រឹងសមត្ថភាពភ្នាក់ងារផ្សព្វផ្សាយភូមិ និងក្រុមដាំបន្លែ នៅទីតាំងគម្រោង LASED III ភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
សកម្មភាពនេះមានអ្នកចូលរួមសរុបចំនួន ៣០នាក់ ក្នុងនោះស្ត្រី ២២នាក់ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំ មេភូមិ និងកសិករគោលដៅក្នុងតំបន់គម្រោង។ បន្ទាប់ពីកិច្ចប្រជុំ ក្រុមការងារបានចុះពិនិត្យផ្ទាល់ការអនុវត្តការដាំដុះបន្លែរបស់កសិករ និងបានផ្តល់ពូជបន្លែមួយចំនួន រួមមាន ពូជត្រកួន សណ្តែកគួរ ពៅ ស្ពៃខ្មៅ ត្រប់ស្រួយ និងត្រសក់ ដល់កសិករចំនួន ១២គ្រួសារ។
ការចុះពង្រឹងការងារនេះមានគោលបំណងជំរុញ និងលើកទឹកចិត្តដល់កសិករឱ្យបង្កើនការដាំដុះបន្លែ ធានាការផ្គត់ផ្គង់បន្លែក្នុងសហគមន៍ និងរួមចំណែកបង្កើនប្រាក់ចំណូល ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។