នាថ្ងៃចន្ទ ១កើត ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារគម្រោង LASED III ថ្នាក់ជាតិ ដឹកនាំដោយលោក ម៉ម សុមុនី ប្រធាននាយកដ្ឋាននៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងសហការី ដោយមានការចូលរួមពីមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ និងអ្នកសម្របសម្រួលការអភិវឌ្ឍកសិកម្ម (ADF) បានចុះផ្សព្វផ្សាយ និងរៀបចំការបោះឆ្នោតជ្រើសរើសភ្នាក់ងារសុខភាពសត្វភូមិ នៅទីតាំងដីគម្រោង LASED III ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
សកម្មភាពនេះមានគោលបំណងផ្សព្វផ្សាយអំពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ភ្នាក់ងារសុខភាពសត្វភូមិ លើកកម្ពស់ការយល់ដឹងអំពីការបង្ការ ការតាមដាន និងការរាយការណ៍ជំងឺសត្វនៅមូលដ្ឋាន ព្រមទាំងជ្រើសរើសបេក្ខជនដែលមានឆន្ទៈ និងទទួលបានការគាំទ្រពីសហគមន៍។
ក្នុងឱកាសនេះ មានអ្នកចូលរួមសរុបចំនួន ៤០នាក់ ក្នុងនោះស្រី ៣២នាក់។ ជាលទ្ធផល សម្បទានិក និងសហគមន៍ទទួលបានការយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃភ្នាក់ងារសុខភាពសត្វភូមិ។ មានបេក្ខជនស្ម័គ្រចិត្តឈរឈ្មោះចំនួន ៣នាក់ (ស្រី ២នាក់) ហើយតាមរយៈការបោះឆ្នោត បានជ្រើសរើសភ្នាក់ងារសុខភាពសត្វភូមិចំនួន ២នាក់ ក្នុងនោះស្រី ១នាក់។
ភ្នាក់ងារសុខភាពសត្វចំនួន ២នាក់ ដូចមានរាយនាមខាងក្រោម៖
១. លោក ទ្រី សំអុល លេខទូរស័ព្ទ 097 782 3257
២. អ្នកស្រី សុខ ចាន់នឿន លេខទូរស័ព្ទ 088 468 4983
សកម្មភាពនេះបានប្រព្រឹត្តទៅដោយរលូន ទទួលបានលទ្ធផលល្អ និងបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់សម្បទានិក ក្នុងការពង្រឹងការគ្រប់គ្រងសុខភាពសត្វនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។