កាលពីថ្ងៃទី១០-១១ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារគម្រោង LASED III ថ្នាក់ជាតិ បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី ចុះបើកវគ្គបណ្តុះបណ្តាលស្តីពី ការតម្រង់ទិសបច្ចេកទេសដាំដុះសួនបន្លែលក្ខណៈគ្រួសារ នៅភូមិក្រឡា និងភូមិកាន់ឈើង ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងចំណេះដឹង និងជំនាញបច្ចេកទេសដល់សម្បទានិក និងកសិករ លើការដាំដុះបន្លែលក្ខណៈគ្រួសារ ដើម្បីបង្កើនសន្តិសុខស្បៀង អាហារូបត្ថម្ភ និងប្រាក់ចំណូលគ្រួសារ។ ខ្លឹមសារបណ្តុះបណ្តាលផ្តោតលើវិធីសាស្រ្តសំខាន់ៗ រួមមាន ការបណ្តុះកូនបន្លែ ការថែទាំដំណាំបន្លែ ការការពារសត្វល្អិត និងជំងឺ ការប្រើប្រាស់ជីបំប៉នឱ្យបានត្រឹមត្រូវ ព្រមទាំងបច្ចេកទេសដាំដុះបន្លែក្នុងផ្ទះសំណាញ់ និងការថែទាំដំណាំឱ្យទទួលបានទិន្នផលល្អ។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ អ្នកចូលរួមបានទទួលចំណេះដឹង និងបទពិសោធន៍ជាក់ស្តែង ដែលអាចយកទៅអនុវត្តក្នុងការផលិតបន្លែសម្រាប់បរិភោគក្នុងគ្រួសារ កែលម្អអាហារូបត្ថម្ភ និងបង្កើនជីវភាពរស់នៅប្រកបដោយនិរន្តរភាព។
វគ្គបណ្តុះបណ្តាលនេះ មានកសិករចូលរួមសរុបចំនួន ៨០នាក់ ក្នុងនោះ ស្ត្រី ៤៧នាក់។