កាលពីថ្ងៃទី១០-១២ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារនាយកដ្ឋានគ្រប់គ្រងដី និងជីកសិកម្ម ដឹកនាំដោយលោក ឆិល ឆេន អនុប្រធាននាយកដ្ឋាន បានសហការជាមួយក្រុមការងារគម្រោង LASED III ខេត្តបន្ទាយមានជ័យ ចុះបើកវគ្គបណ្តុះបណ្តាលស្តីពី «ការបង្កើនជាតិដី និងទប់ស្កាត់ការហូរច្រោះ តាមរយៈដំណាំគម្របដី» នៅតំបន់សម្បទានដីសង្គមកិច្ច (SLC) ភូមិតេជោសន្តិភាព ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងចំណេះដឹង និងជំនាញដល់សម្បទានិកលើការគ្រប់គ្រង និងអភិរក្សដីប្រកបដោយនិរន្តរភាព ដោយផ្តោតលើ៖
* ការចាត់ថ្នាក់ដី
* ការវាយតម្លៃគុណភាពដីជាបឋម និង
* វិធានការទប់ស្កាត់ការហូរច្រោះ និងការបាត់បង់ជីជាតិដី តាមរយៈការដាំដំណាំគម្របដីស្របតាមគោលការណ៍កសិកម្មអភិរក្ស។
វគ្គបណ្តុះបណ្តាលនេះ មានសម្បទានិកចូលរួមសរុបចំនួន ១៦១នាក់ ក្នុងនោះ ស្ត្រី ១២១នាក់ ដែលបានទទួលចំណេះដឹង និងបទពិសោធន៍ជាក់ស្តែង ដើម្បីយកទៅអនុវត្តក្នុងការបង្កើនផលិតភាពកសិកម្ម កែលម្អគុណភាពដី និងលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។