នាថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារអនុវត្តគម្រោង LASED III នៃមន្ទីរកសិកម្ម ចំនួន ៦នាក់ ចុះអមដំណើរគណៈប្រតិភូ ក្នុងដំណើរទស្សនកិច្ចសិក្សា និងសំណេះសំណាលជាមួយសម្បទានិក ជនភៀសសឹក និងគ្រួសារកងទ័ព នៅទីតាំងសម្បទានដីសង្គមកិច្ច នៃគម្រោង LASED III ស្ថិតនៅភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
ដំណើរទស្សនកិច្ចនេះ មានការចូលរួមពីលោកស្រី ចំរើន មុទិតា តំណាងធនាគារពិភពលោកប្រចាំកម្ពុជា មន្ត្រីថ្នាក់ជាតិពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងអ្នកចូលរួមសរុបប្រមាណជាង ២៥០នាក់ ក្នុងនោះស្រី ១៩៥នាក់។
ក្នុងឱកាសនេះ គណៈប្រតិភូបានចុះសួរសុខទុក្ខ និងសំណេះសំណាលដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ដើម្បីស្វែងយល់អំពីស្ថានភាពជីវភាពរស់នៅ តម្រូវការជាក់ស្តែង និងបញ្ហាប្រឈមនានា រួមមានបញ្ហាទឹកប្រើប្រាស់ ផ្លូវ ភ្លើង និងប្រព័ន្ធលូ ដើម្បីស្វែងរកដំណោះស្រាយ និងរៀបចំផែនការគាំទ្របន្តឱ្យមានប្រសិទ្ធភាព។
ជាមួយគ្នានេះ គណៈប្រតិភូក៏បានបង្ហាញអំពីសមិទ្ធផលសំខាន់ៗ ដែលគម្រោង LASED III និងគម្រោងពិពិធកម្មកសិកម្មកម្ពុជា សម្រេចបានក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់សម្បទានិក ជាពិសេសជនភៀសសឹក និងគ្រួសារកងទ័ព ឱ្យមានលំនៅឋានសមរម្យ មានដីបង្កបង្កើនផល និងមានឱកាសអភិវឌ្ឍជីវភាពបានប្រសើរឡើង។
ដោយឡែក ក្រុមការងារ LASED III ថ្នាក់ខេត្ត និងអាជ្ញាធរមូលដ្ឋាន ក៏បានចុះស្រង់បញ្ជី និងផ្សព្វផ្សាយអំពីគោលការណ៍របស់គម្រោង ដោយសម្ភាសន៍គ្រួសារកងទ័ពដែលទើបចូលមករស់នៅថ្មីចំនួន ១៥គ្រួសារ ក្នុងចំណោម ១៧គ្រួសារ និងបានគាំទ្រផ្ទះសំណាញ់ចំនួន ១៤ខ្នង សម្រាប់ចិញ្ចឹមមាន់យកសាច់ ដើម្បីជួយបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពគ្រួសារ។
សកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ក្នុងការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង ប្រកបដោយចីរភាព។