ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ចុះជួបសំណេះសំណាលជាមួយសម្បទានិក ក្នុងតំបន់គម្រោង LASED III ក្នុងខេត្តកំពង់ឆ្នាំង

ចេញ​ផ្សាយ​ 12 Mar 2026
73

ថ្ងៃព្រហស្បតិ៍ ៩រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង និងសហការី បានចូលរួមអមដំណើរ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដើម្បីចុះជួបសំណេះសំណាលជាមួយសម្បទានិក នៅទីតាំងដីសម្បទានសង្គមកិច្ច របស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III)។

ក្នុងឱកាសនោះ មានការចូលរួមពីប្រតិភូ និងថ្នាក់ដឹកនាំជាច្រើនរូប រួមមាន សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត តំណាងមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុក ឃុំ ភូមិ និងសម្បទានិក។ សរុបអ្នកចូលរួមមាន ៩៦នាក់ ក្នុងនោះស្រី ៥២នាក់។

ក្នុងការជួបសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្តាំផ្ញើឲ្យសម្បទានិកអោយខិតខំថែរក្សា និងប្រើប្រាស់ដីសម្បទាននេះឲ្យមានប្រសិទ្ធភាព បង្កើនការដាំដុះ និងការផលិតផលិតផលកសិកម្ម ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងកាត់បន្ថយការធ្វើចំណាកស្រុក។ ឯកឧត្តមក៏បានលើកឡើងថា តម្លៃផលិតផលកសិកម្មអាចប្រែប្រួលទៅតាមពេលវេលា ដូច្នេះសូមឲ្យប្រជាពលរដ្ឋបន្តខិតខំផលិត និងគ្រប់គ្រងការងារកសិកម្មឲ្យបានល្អ។

បន្ទាប់ពីបញ្ចប់ការជួបសំណេះសំណាល គណៈប្រតិភូបានសរសើរថាធ្វើបានល្អ ដោយកសិករមានកន្លែងរៀនសូត្រ និងមានកន្លែងអនុវត្តផ្ទាល់ នៅជិកផ្ទះ និងបានបន្ត ទស្សនកិច្ចនៅមណ្ឌលបណ្តុះបណ្តាល ក្នុងតំបន់គម្រោងផងដែរ។