ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី កុសល ចូលរួមដំណើរទស្សនកិច្ចជាមួយគណៈប្រតិភូធនាគារពិភពលោក ទៅកាន់ទីតាំងគម្រោង LASED III

ចេញ​ផ្សាយ​ 27 Nov 2025
112
នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២0២៥ ឯកឧត្ដម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងនាយកផ្នែកកសិកម្មនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) បានរួមដំណើរជាមួយ ក្រុមការងារធនាគារពិភពលោកប្រចាំកម្ពុជា ទីប្រឹក្សាស្តង់ដាបរិស្ថាន និងសង្គមថ្នាក់តំបន់នៃធនាគារពិភពលោក ក្រុមការងារគម្រោងថ្នាក់ជាតិ និងថ្នាក់ខេត្តនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះទៅទីតាំងនៅក្នុងសហគមន៍ជនជាតិភាគតិចចំនួន៣គឺ សហគមន៍កងកុយ សហគមន៍ស្វាយ និងសហគមន៍ខ្មែង ស្រុកអូរជុំ ខេត្តរតនគិរី ដើម្បីធ្វើការសិក្សាស្វែងយល់អំពីវឌ្ឍនភាពការអនុវត្តគម្រោងLASED III បញ្ហាប្រឈម ព្រមទាំងផ្តល់អនុសាសន៍ដើម្បីកែលម្អការអនុវត្តគម្រោង។ ជាលទ្ធផលមានដូចជា៖
១) ក្រុមបេសកម្មធនាគារពិភពលោកបានស្វែងយល់ពីសារៈសំខាន់នៃការចុះបញ្ជី និងការផ្តល់ប័ណ្ណសមូហភាពដើម្បីធានាការគ្រប់គ្រងដីធ្លីប្រកបដោយនិរន្តរ៍ភាព។
២) បានស្វែងយល់ពីការកើនឡើងជីវភាពរបស់សមាជិកសហគមន៍តាមរយះការដាំដុះដំណាំ ស្វាយចន្ទី ដំឡូងមី ស្រូវ និងបន្លែជាដើម។
៣) បានស្វែងយល់អំពីបញ្ហា និងតម្រូវការជាក់ស្តែងរបស់សហគមន៍ដែលមានដូចជា តម្រូវការវគ្គបណ្តុះបណ្តាលបច្ចេកទេសដំណាំស្វាយចន្ទី និងបន្លែ តម្រូវការសាងសង់ហេត្ថរចនាសម្ពន្ធ័ដូចជា ផ្លូវថ្នល់ សាលាររៀន និងមណ្ឌលសុខភាពដែលស្របនឹងផែនការរបស់គម្រោងLASED III។