នៅថ្ងៃសុក្រ ១០កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ លោក សាយ តុម ប្រធានសម្របសម្រួលបច្ចេកទេស នៃគម្រោង LASED III បានដឹកនាំក្រុមការងារ រៀបចំពិធីចែកសម្ភារៈគាំទ្រដល់សហគមន៍ជនជាតិដើមភាគតិចចំនួន ៥ សហគមន៍ ស្ថិតក្នុងឃុំស្រែខ្ទុម និងឃុំស្រែព្រះ ស្រុកកែវសីមា។ សរុបមានគ្រួសារ ៤៩២ ដែលបានចូលរួមទទួលសម្ភារៈនេះ។
ក្នុងពិធីចែកសម្ភារៈ មានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីកសិកម្មឃុំ ដោយមានគោលបំណងជំរុញការអភិវឌ្ឍជីវភាព និងកសិកម្មបៃតងក្នុងសហគមន៍។ សម្ភារៈដែលគ្រួសារទទួលបាន រួមមានគ្រាប់ពូជបន្លែ និងកូនឈើហូបផ្លែ ដូចជា៖
• គ្រាប់ពូជបន្លែ៖ ទុយោ ១ដុំ, សណ្តែកគួរ ៥០០ក្រាម, ត្រប់ស្រួយ ៥០ក្រាម, ត្រសក់ទ្រើង ១០០ក្រាម, ត្រគួន ៥គីឡូក្រាម, ស្ពៃក្រញ៉ាញ់ ៥០០ក្រាម, ននោង ១០០ក្រាម និងប៉េងប៉ោះ ៥០ក្រាម។
• កូនឈើហូបផ្លែ៖ ក្រូចឆ្មា ៥ដើម, មៀន ៥ដើម, ខ្នុរ ៥ដើម, ត្របែក ៥ដើម និងប័រ ៥ដើម សម្រាប់គ្រួសារមួយៗ។