កិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងាររយៈពេល៩ខែ ឆ្នាំ២០២៥ និងរៀបចំផែនការសកម្មភាពថវិកាឆ្នាំ២០២៦ របស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III)

ចេញ​ផ្សាយ​ 09 Oct 2025
87
នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម នៃគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) បានចូលរួមកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងាររយៈពេល៩ខែ ឆ្នាំ២០២៥ និងរៀបចំផែនការសកម្មភាពថវិកាឆ្នាំ២០២៦ របស់គម្រោង នៅខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III។
កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីអនុវត្តន៍គម្រោងថ្នាក់ជាតិ ថ្នាក់កណ្ដាល ថ្នាក់ខេត្ដនៃគោលដៅគម្រោង និងមន្ត្រី ADFs។
គោលបំណងសំខាន់នៃកិច្ចប្រជុំ ដើម្បីតាមដានវឌ្ឍនភាពការងារគម្រោងអនុវត្ត ០៩ខែកន្លងមក ពិនិត្យលើបញ្ហាប្រឈមនិងសំណូមពរ ការរៀបចំផែនការសកម្មភាពនិងផែនការថវិការសម្រាប់អនុវត្តឆ្នាំ២០២៦ និងការលើកទិសដៅអនុវត្តបន្តសម្រាប់អនុវត្ត ឆ្នាំ២០២៦។ បន្ថែមទៀតនោះ កិច្ចប្រជុំនឹងកំណត់បាននូវផែនការសកម្មភាពអាទិភាព បញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីអនុវត្តសកម្មភាពឱ្យសម្រេចលទ្ធផលតាមផែនការសកម្មភាពនិងថវិកាឆ្នាំ២០២៦ ដែលបានគ្រោងទុក។
លទ្ធផលសម្រេចបាន ៩ខែនេះ សម្ភារៈគាំទ្រកសិកម្មដែលបានចែកជូនសម្បទានិកដែលស្ម័គ្រចិត្ត ចូលមកប្រើប្រាស់ដីមុនកាលកំណត់រួមមាន៖ (1).គ្រួសារដែលទទួលបានសម្ភារៈកសិកម្ម នឹងស្រូវពូជចំនួន ២០៧ នៃ ២០៧គ្រួសារ (2).គ្រួសារដែលទទួលបានតែសម្ភារកសិកម្មសុទ្ធចំនួន ២៤ នៃ២៤ គ្រួសារ (3).គ្រួសារដែលទទួលបានតែស្រូវពូជសុទ្ធ ចំនួន ១៨ នៃ ១៨គ្រួសារ (4).គ្រួសារដែលទទួលបានកូនមាន់ចំនួន ១៤២ នៃ២៣១ គ្រួសារ នៅសល់ ៨៩គ្រួសារ (5).គ្រួសារដែលទទួលបានកូនឈើហូបផ្លែចំនួន ២៤៩ នៃ ២៤៩ គ្រួសារ។ គម្រោងបានពិនិត្យជាក់ស្តែងលើបញ្ជីស្នាមក្រុមទុនបង្វិល និងបានដំឡើងផ្លាកក្រុមផលិតបានចំនួន ១៤ផ្លាក ស្មើ ១០០ ភាគរយ។ ក្នុងនោះដែរ ការសាង់សងផ្ទះសំណាញ់វគ្គ០១ បានបញ្ចប់ទាំង ៦៥គ្រួសារ ដោយ ក្រុមការងារបន្ដដឹកជញ្ជូនដែកចំនួន ១៧៧ គ្រួសារទៀតសម្រាប់វគ្គ០២។ ការប្រើប្រាស់ដីសម្បទានិកដែលមកស្នាក់នៅអចិន្ត្រៃយ៍មានចំនួន ១៦៧គ្រួសារ សម្បទានិកដែល ចេញ-ចូល ប្រើប្រាស់ដីមានចំនួន ១៦២គ្រួសារ និងសម្បទានិកដែលមិនទាន់មកប្រើប្រាស់ដីមានចំនួន ០២គ្រួសារ ក្នុងនោះសម្បទានិកដែលបានប្រើប្រាស់ដីកសិកម្មមានចំនួន ២០៩ នៃ ២២៥ គ្រួសារ និង ១៤២ គ្រួសារបានសាងសង់ទ្រុងមាន់រួចរាល់។ បន្ថែមពីនេះទៀត សម្បទានិកបានទទួលការបណ្តុះបណ្តាលស្តីពីបច្ចេកទេសកសិកម្ម និងអាហារូបត្ថម្ភលើ វគ្គបណ្តាលវគ្គបណ្តុះបណ្តាល NSA វគ្គផលិតកម្មដំណាំស្រូវ វគ្គផលិតកម្មដំណាំបន្លែ និងវគ្គផលិតកម្មមាន់។
សូមជម្រាបជូនផងដែរថា កិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងាររយៈពេល៩ខែ ឆ្នាំ២០២៥ និងរៀបចំផែនការសកម្មភាពថវិកាឆ្នាំ២០២៦ នៅខេត្តកំពត ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២ ដល់ ៣ ខែតុលា ឆ្នាំ២០២៥។