ខេត្តមណ្ឌលគីរី៖ កាលពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ លោក ផុន រិណុ ប្រធានការិយាល័យគ្រប់គ្រងការកែច្នៃនៃនាយកដ្ឋានកសិ-ឧស្សាហកម្ម និងជាប្រធានអនុសមាសភាគផ្នែកកសិ-ឧស្សាហកម្ម នៃគម្រោងបែងចែកដី ដើម្បីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដំណាក់កាលទី៣(LASED III) បានចុះរៀបចំ វគ្គបណ្ដុះបណ្ដាលស្ដីពី ការបញ្ជ្រាបការយល់ដឹងអំពីការលើកកម្ពស់អាហារូបត្ថម្ភ សមភាពយេនឌ័រ និងវិធានការងារកសិកម្មគិតគូរអាហារូបត្ថម្ភ ដល់សហគមន៍ជនជាតិដើភាគតិចភូមិហ្គាទី ភូមិអូរច្រា និងភូមិស្រែខ្ទុម ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ដោយមានការចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, មន្ទីរសុខាភិបាល, មន្ទីរកិច្ចការនារី, មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគីរីដែលមានកសិករចូលរួមចំនួន ៤៧នាក់ ក្នុងនោះស្ដ្រីមានចំនួន ២៧នាក់។
វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងដើម្បី៖(១) ផ្សព្វផ្សាយការលើកកម្ពស់អាហារូបត្ថម្ភ ឱកាសមាស ១០០០ថ្ងៃដំបូងនៃជីវិត ប្រភេទអាហារ ៣ក្រុម ការថែទាំមុន និងក្រោយសម្រាល ជាដើម (២) អប់រំអំពីសមភាពយេនឌ័រ និងការពង្រឹងអំណាចស្ដ្រីក្នុងសហគមន៍ វិធីកែច្នៃបបរគ្រប់គ្រឿង (៣) ផ្សព្វផ្សាយការយល់ដឹងលើអនាម័យ ទឹកស្អាត និងសុវត្ថិភាពម្ហូបអាហារ និង(៤) អប់រំអំពីវិធានការងារកសិកម្មគិតគូរអាហារូបត្ថម្ភ ការធ្វើកសិកម្មជុំវិញផ្ទះ ។