ខេត្តរតនគីរី៖ កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ផុន រិណុ ប្រធានការិយាល័យគ្រប់គ្រងការកែច្នៃនៃនាយកដ្ឋានកសិ-ឧស្សាហកម្ម និងជាប្រធានអនុសមាសភាគផ្នែកកសិ-ឧស្សាហកម្ម នៃគម្រោងបែងចែកដី ដើម្បីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដំណាក់កាលទី៣(LASED III) បានចុះរៀបចំ វគ្គបណ្ដុះបណ្ដាលស្ដីពី ការបញ្ជ្រាបការយល់ដឹងអំពីការលើកកម្ពស់អាហារូបត្ថម្ភ សមភាពយេនឌ័រ និងវិធានការងារកសិកម្មគិតគូរអាហារូបត្ថម្ភ ដល់សហគមន៍ជនជាតិដើភាគតិចភូមិផ្យ៉ាង ភូមិសៀងសាយ ឃុំតាវែងក្រោម និងភូមិល្អែនក្រែន ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគីរី ដោយមានការចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, មន្ទីរសុខាភិបាល, មន្ទីរកិច្ចការនារី, មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តរតនគីរីដែលមានកសិករចូលរួមចំនួន ១៣៥នាក់ ក្នុងនោះស្ដ្រីមានចំនួន ៩៤នាក់ ស្នើនឹង៦៩,៦២%។
វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងដើម្បី៖(១) ផ្សព្វផ្សាយការលើកកម្ពស់អាហារូបត្ថម្ភ ឱកាសមាស ១០០០ថ្ងៃដំបូងនៃជីវិត ប្រភេទអាហារ ៣ក្រុម ការថែទាំមុន និងក្រោយសម្រាល ជាដើម (២) អប់រំអំពីសមភាពយេនឌ័រ និងការពង្រឹងអំណាចស្ដ្រីក្នុងសហគមន៍ វិធីកែច្នៃបបរគ្រប់គ្រឿង (៣) ផ្សព្វផ្សាយការយល់ដឹងលើអនាម័យ ទឹកស្អាត និងសុវត្ថិភាពម្ហូបអាហារ និង(៤) អប់រំអំពីវិធានការងារកសិកម្មគិតគូរអាហារូបត្ថម្ភ ការធ្វើកសិកម្មជុំវិញផ្ទះ ។