ពីថ្ងៃទី ២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ថ្នាក់ជាតិ បានចុះទៅអនុវត្តសាលារៀនស្រែកសិករស្តីពីបច្ចេកទេសក្រោយប្រមូលផលលើដំណាំដំឡូងមី (វគ្គ៣) ចំនួន៤ទីតាំង នៅខេត្តក្រចេះ ១ទីតាំង(ប៉ាក្លេ) ស្ទឹងត្រែង១ទីតាំង(កាតូត) និងខេត្តមណ្ឌលគិរី២ទីតាំង(ពូត្រុំនិងអណ្តូងក្រឡឹង) សរុបប្រជាកសិករចូលរួមចំនួន ១២១នាក់។
ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
១) បានណែនាំនិងបង្ហាញពីការកំណត់ភាពចាស់របស់មើមដំឡូងមី(៨-១២ខែ) និងពេលវេលាប្រមូលផលដំណាំដំឡូងមី ស្របតាមលក្ខណ្ឌសំណើមដី និងទីផ្សារ។
២) បានណែនាំ និងបង្ហាញពីការអនុវត្តឧបកណ៍ប្រមូលផលដំឡូងមី(ឧបករណ៍បែបបុរាណ និងឧបករណ៍បែបទំនើបកម្មកសិកម្ម) និងវិធីសាស្រ្តប្រើប្រាស់ឲ្យបានត្រឹមត្រូវតាមបច្ចេកទេស ដើម្បីជៀសវាងការបាត់បង់ទិន្នផល និងគុណភាពមិនល្អ ក្រោយប្រមូលផលដំឡូងមីររួច។
៣) បានពន្យល់ពីការអនុវត្តវិធីកែច្នៃដំឡូងមី ការចិតជាចំណិត ដំឡូងមើមចាប់ពីប្រវែង៣ ទៅ១៥ស.ម និងទទឹង ៣ ស.ម និងកាប់ជា៥ ទៅ១0ដុំ ក្នុង១ផ្លែ ដោយកាប់នឹងដៃនិងម៉ាស៊ីន រួចហើយដាក់ហាលក្រោមកំដៅថ្ងៃចន្លោះពី៣ -៥ថ្ងៃ ទើបស្ងួតល្អ មុនយកទៅស្តុកទុក និងបានបញ្ជាក់បន្ថែម ពីមើមដំឡូងមីស្រស់ ១តោន នៅសល់ចំណិតដំឡូងមីសម្ងួតចំនួន៤៦៣គក្រ។
៤) បានបង្ហាញអំពីកត្តាដែលមានឥទ្ធិពលទៅលើការសម្ងួតចំណិតដំឡូងមី ការវេចខ្ចប់(បាវក្រចៅ និងកញ្ឆែ..) និងជាពិសេសកម្រិតសំណើមក្នុងចំណិតដំឡូងមីត្រឹមតែ១៣% ឬទាបជាង ទើបអាចទុកបានយូរខែ ជាដើម។