វគ្គបណ្ដុះបណ្ដាលស្ដីពីការបញ្ជ្រាបការយល់ដឹងអំពីការលើកកម្ពស់អាហារូបត្ថម្ភ សមភាពយេនឌ័រ និងវិធានការងារកសិកម្មគិតគូរអាហារូបត្ថម្ភ ដល់សហគមន៍ជនជាតិដើមភាគតិច ក្នុងខេត្តមណ្ឌលគីរី
=======================
ខេត្តមណ្ឌលគិរី៖ កាលពីថ្ងៃទី២០-២២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សៀក វិឆ័យ អនុប្រធានការិយាល័យអភិវឌ្ឍនកសិ- ឧស្សាហកម្មនៃនាយកដ្ឋានកសិ-ឧស្សាហកម្ម និងជាប្រធានអនុសមាសភាគផ្នែកកសិ-ឧស្សាហកម្ម នៃគម្រោងបែងចែកដី ដើម្បីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដំណាក់កាលទី៣(LASED III) បានចុះរៀបចំ វគ្គបណ្ដុះបណ្ដាលស្ដីពី ការបញ្ជ្រាបការយល់ដឹងអំពីការលើកកម្ពស់អាហារូបត្ថម្ភ សមភាពយេនឌ័រ និងវិធានការងារកសិកម្មគិតគូរអាហារូបត្ថម្ភ ដល់សហគមន៍ជនជាតិដើភាគតិចភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ នឹងសហគមន៍ជនជាតិដើមភាគតិច ភូមិអណ្តូងក្រឡឹង ឃុំ សែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, មន្ទីរសុខាភិបាល, មន្ទីរកិច្ចការនារី, មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគីរីដែលមានកសិករចូលរួមសរុប ៩០នាក់ ក្នុងនោះស្រ្ដីចំនួន ៥៧នាក់។
វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងដើម្បី៖(១) ផ្សព្វផ្សាយការលើកកម្ពស់អាហារូបត្ថម្ភ ឱកាសមាស ១០០០ថ្ងៃដំបូងនៃជីវិត ប្រភេទអាហារ ៣ក្រុម ការថែទាំមុន និងក្រោយសម្រាល ជាដើម (២) អប់រំអំពីសមភាពយេនឌ័រ និងការពង្រឹងអំណាចស្ដ្រីក្នុងសហគមន៍ វិធីកែច្នៃបបរគ្រប់គ្រឿង (៣) ផ្សព្វផ្សាយការយល់ដឹងលើអនាម័យ ទឹកស្អាត និងសុវត្ថិភាពម្ហូបអាហារ និង(៤) អប់រំអំពីវិធានការងារកសិកម្មគិតគូរអាហារូបត្ថម្ភ ការធ្វើកសិកម្មជុំវិញផ្ទះ និងការកែច្នៃទឹកដោះស្វាយចន្ទី។