វគ្គបណ្ដុះបណ្ដាលស្ដីពីការបញ្ជ្រាបការយល់ដឹងអំពីការលើកកម្ពស់អាហារូបត្ថម្ភ សមភាពយេនឌ័រ និងវិធានការងារកសិកម្មគិតគូរអាហារូបត្ថម្ភ ដល់សហគមន៍ជនជាតិដើមភាគតិច ក្នុងខេត្តក្រចេះ
=======================
ខេត្តក្រចេះ៖ កាលពីថ្ងៃទី២០-២២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ផុន រិណុ ប្រធានការិយាល័យគ្រប់គ្រងការកែច្នៃនៃនាយកដ្ឋានកសិ-ឧស្សាហកម្ម និងជាប្រធានអនុសមាសភាគផ្នែកកសិ-ឧស្សាហកម្ម នៃគម្រោងបែងចែកដី ដើម្បីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដំណាក់កាលទី៣(LASED III) បានចុះរៀបចំ វគ្គបណ្ដុះបណ្ដាលស្ដីពី ការបញ្ជ្រាបការយល់ដឹងអំពីការលើកកម្ពស់អាហារូបត្ថម្ភ សមភាពយេនឌ័រ និងវិធានការងារកសិកម្មគិតគូរអាហារូបត្ថម្ភ ដល់សហគមន៍ជនជាតិដើមភាគតិចភូមិអូរកក់ ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ និងភូមិរវៀង ឃុំស្រែជិះ ស្រុកសំបូរ និងភូមិប៉ាក្លែ ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ ដោយមានចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, មន្ទីរសុខាភិបាល, មន្ទីរកិច្ចការនារី, មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តរតនគីរី ដែលមានកសិករចូលរួមសរុប ៩២នាក់ ក្នុងនោះស្រ្ដីចំនួន ៥៥នាក់។
វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងដើម្បី៖(១) ផ្សព្វផ្សាយការលើកកម្ពស់អាហារូបត្ថម្ភ ឱកាសមាស ១០០០ថ្ងៃដំបូងនៃជីវិត ប្រភេទអាហារ ៣ក្រុម ការថែទាំមុន និងក្រោយសម្រាល ជាដើម (២) អប់រំអំពីសមភាពយេនឌ័រ និងការពង្រឹងអំណាចស្ដ្រីក្នុងសហគមន៍ វិធីកែច្នៃបបរគ្រប់គ្រឿង (៣) ផ្សព្វផ្សាយការយល់ដឹងលើអនាម័យ ទឹកស្អាត និងសុវត្ថិភាពម្ហូបអាហារ និង(៤) អប់រំអំពីវិធានការងារកសិកម្មគិតគូរអាហារូបត្ថម្ភ ការធ្វើកសិកម្មជុំវិញផ្ទះ និងការកែច្នៃទឹកដោះស្វាយចន្ទី។