នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មការដឹកនាំគម្រោង LASED III និង ឯកឧត្ដម ឃី កុសល អនុរដ្ឋលេខាធិការ និងនាយកផ្នែកកសិកម្មគម្រោង LASED III តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមជាគណៈអធិបតី ក្នុងពិធីផ្សព្វផ្សាយកម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋាន គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ស្ថិតនៅបរិវេណវត្ដផ្ដៀក ក្នុងភូមិផ្ដៀក ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្ដកំពង់ធំ រៀបចំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាពឯកឧត្ដម ថេង ច័ន្ទសង្វា រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណ:កម្មការដឹកនាំគម្រោង LASED III។
ពិធីនេះ មានការអញ្ជើញចូលរួមជាគណៈអធិបតីពី ឯកឧត្ដមអភិបាលរងនៃគណៈអភិបាលខេត្ដកំពង់ធំ តំណាង និងក្រុមការងារធនាគារពិភពលោក លោកប្រធានមន្ទីរ ដនសស ខេត្តកំពង់ធំ មន្រ្ដីពាក់ព័ន្ធ និងមានការចូលរួមពីប្រជាពលរដ្ឋច្រើនយ៉ាងច្រើនកោះករ។
ការរៀបចំពិធីនេះឡើង ក្នុងគោលបំណងប្រកាសតំបន់វិនិច្ឆ័យដើម្បីកំណត់អត្តសញ្ញាណកម្មដី ចំណាត់ថ្នាក់ដី ផែនទីដីរដ្ឋ និងចុះបញ្ជីជាដីឯកជនរបស់រដ្ឋសម្រាប់កម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋាន។
គម្រោង LASED III ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា មានគោលបំណងដើម្បីផ្តល់ប័ណ្ណសុវត្ថិភាពដីធ្លី សេវាកសិកម្ម និងសង្គម និង ហេដ្ឋារចនាសម្ព័ន្ធដែលបានជ្រើសរើស ដល់សហគមន៍ និងកសិករខ្នាតតូចក្នុងតំបន់គោលដៅរបស់ខ្លួន ដែលអនុវត្តដោយក្រុមការងារថ្នាក់ជាតិចំនួន២គឺ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាទីភ្នាក់ងារប្រតិបត្តិ (EA) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាទីភ្នាក់ងារអនុវត្ត (IA)។
គម្រោងគ្របដណ្តប់លើខេត្តគោលដៅចំនួន ១៣ រួមមាន: ខេត្ដព្រះវិហារ កំពង់ឆ្នាំង ត្បូងឃ្មុំ កំពង់ស្ពឺ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង កំពង់ធំ ក្រចេះ បន្ទាយមានជ័យ ឧត្តមានជ័យ សៀមរាប និងខេត្ដបាត់ដំបង ដែលផ្តោតការវិនិយោគលើប្រព័ន្ធធារាសាស្ត្រខ្នាតតូច និងផ្តល់សេវាគាំទ្របច្ចេកទេសសម្រាប់ការប្រកបរបរចិញ្ចឹមជីវិត ផ្អែកលើកសិកម្មជាមូលដ្ឋាន។