ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី ៣ (LASED III) បានដឹកនាំក្រុមការងារអនុវត្តគម្រោងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកម្មវិធីដំណើរទស្សនកិច្ចរបស់លោក Ulrich Schmitt នាយកប្រតិបត្តិ នៃធនាគារពិភពលោកទៅទីតាំងសហគមន៍ជនជាតិដើមភាគតិចភូមិអណ្តូងក្រឡឹង ដែលស្ថិតក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
កម្មវិធីនេះបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន ហុក អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជានាយកគម្រោង LASED III តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក Ulrich Schmitt នាយកប្រតិបត្តិនៃធនាគារពិភពលោក ជួបសំណេះសំណាលជាមួយប្រធានសហគមន៍ជនជាតិដើមភាគតិចភូមិអណ្តូងក្រឡឹង ស្វែងយល់ពីស្ថានភាពការងារកសិកម្ម ពិនិត្យទីតាំងប្រភពទឹកដែលអាចស្រោចស្រពដល់ការងារក្នុងសហគមន៍ និងសិក្សាសាកល្បងនូវការស្រង់ទិន្នន័យហានិភ័យការគាំពារបរិស្ថាននិងសង្គម។
ជនជាតិភាគតិចដោយក្នុងភូមិនេះមាន ២២០គ្រួសារសមាជិកសរុប ៨១៦នាក់ ស្ត្រី៤២៩នាក់។
កម្មវិធីទី២៖
ក្រុមការងារអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី ៣ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំបន្តស្តីពីផែនការគ្រប់គ្រងបរិស្ថាននិងសង្គម ដែលមានអ្នកចូលរួមពី លោក លោកស្រីប្រតិភូមអមដំណើរមកពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមការងារធនាគារពិភពលោក ក្រុមការងារសាលាខេត្ត។